Sunday, June 10, 2012

Pre-1975 Khmer Article: ទន្លេមេកុង "Mekong River"


សរសេរតាមសូត្រ
មេ​កុង ជា​មហា​នទី​មួយ​ក្នុង​អាស៊ី​ទ្វីប​ មាន​ឈ្មោះ​ប្រាកដ​ក្នុង​ភូមិ​សាស្ត្រ​លោក ។ មាន​បណ្ឌិត​អត្ថ​កោ​វិទ​ខ្លះ​យល់​ថា​ទន្លេ​នេះ​ឈ្មោះ​មេ​គង្គ​ទើប​​សម​នឹង​ស្ថាន​ភាព ប៉ុន្តែ​ជន​ជាតិ​ខ្មែរ​បែរ​ហៅ​មហា​មាគ៌ា​នេះ ជា​ទន្លេ​ធំ​ទៅ​វិញ ព្រោះ​មាន​សណ្ឋាន​ធំ​មហិ​មា​ជាង​មហា​សិន្ធុ​នា​នា​ក្នុង​កម្ពុជ​រដ្ឋ ។​ ទន្លេ​មេកុង​មាន​សីស​ប្រភព​ចេញ​ពី​មហា​បរពត​នៅ​ប្រទេស​ទី​បេត៍ ដែល​ជា​សម្ពន្ធ​វង្ស​នៃ​ភ្នំ​ហិម​ពាន្ត ទន្លេ​នេះ​មាន​ដង​ធ្លាយ​ធ្លុះ​ចុះ​ហូរ​កាត់​អាណា​ខេត្ត​ចិន និង​លាវ​មក​ដល់​ភូមិ​ភាគ​មឿង​ខួង​និង​ខន​ត្រង់​ព្រំ​ប្រទល់​រដ្ឋ​លាវ​និង​រដ្ឋ​ខ្មែរ បែរ​ជា​វិកល​វិប​រិត​ខុស​ពី​ធម្មតា​ដោយមាន​ភ្នំ​និង​ពំនូក​ថ្ម​តាន់​ធំ​ៗ ដេរ​ដាស​ពេញ​មាន​សណ្ឋាន​ដូច​ជា​កោះ​ដុះ​ខាំង​ជា​ទំនប់​របាំង​ដុះ​ទប់រាំង​ជល​បថ ឲ្យ​ចាល​មិន​ឲ្យ​ហូរ​ត្របាញ់​ស្មើ​ភាគ​តាម​ធម្មតា ទឹក​ហូរ​ចំហុង​ព្រ​យុង​ធ្លាក់​ពី​លើ​ចុះមក​ក្រោម​ឮ​សូរ​រំពង​ខ្លាំង​ ប្រ​ទើស​ប្រ​ទាំង​ហាក់​ដូច​ជា​ប្រ​ណាំង​ប្រ​ជែង​ដណ្តើម​ផ្លូវ​គ្នា​ជា​ឩប​សគ្គ​មិន​ឲ្យ​នា​វា​ចរចុះ​ឡើង​បាន ។ ទន្លេ​នេះ​មាន​ដង​កាត់​ឆ្លង​ចូល​មក​ដល់​ស្ថាន​ចំ​ពី​បូព៌ា​ទិស​ នៃ​ព្រះ​បរម​រាជ​វាំង​ក្រុង​ភ្នំ​ពេញ បែក​ចេញ​ជា​បួន​មុខ​ហាក់​ដូច​ជា​ប្រតិ​ស្ថាន​នាម​ទុក​ឲ្យ​រាជ​ធានី​នេះ​មាន​ឈ្មោះ​ថា ចតុ​មុខ​នគរ
សម្តេច ជួន ណាត
សំនួរ
១. ចូរពន្យល់ពាក្យ ៖ នទី អត្ថកោវិទ មហាជលមាគ៌ា សិន្ធុ សីសប្រភព បរពត សម្ពន្ធ ។
២. ចូររកសទិសស័ព្ទនឹង ៖ បថ ។
៣. ទន្លេមេកុងមានផលប្រយោជន៍យ៉ាងណាដល់ប្រទេសកម្ពុជា ?

ចម្លើយ
១. ការពន្យល់ពាក្យ
នទី = ស្ទឹង ទន្លេ ។
អត្ថកោវិទ = អ្នកឈ្លាស ឬ ជំនាញក្នុងសេចក្តីពន្យល់ ។
មហាជលមាគ៌ា = ផ្លូវទឹកយ៉ាងធំ ។
សិន្ធុ = ទន្លេ មហាសមុទ្រ ។
សីសប្រភព = ក្បាលស្ទឹង ឬ ក្បាលទន្លេ ។
បរពត = ភ្នំ ។
សម្ពន្ធ = ការតជាប់គ្នា ។

២. សទិសស័ព្ទ
បត់ បទ បដ បថ
បត់ = បត់ដៃ បត់ខោអាវ បត់សៀវភៅ ។
បទ = ជនបទ បទបញ្ជារ........ ។
បដ = ព្រះបដ ។
បថ = ជលបថ ឥរិយាបថ ។

៣. ទន្លេ​មេកុង​មាន​ផល​ប្រយោជន៍​សំខាន់​ណាស់​ដល់​សេដ្ឋ​កិច្ច​នៃ​ប្រទេស​កម្ពុជា ។ នៅ​រដូវ​ទឹក​ឡើង​ ទន្លេ​មេកុង​ដឹក​នាំ​នូវ​ល្បប់​យក​ទៅ​ចាក់​បំពេញ​ទី​ទំ​នាប​ឲ្យ​មាន​ជី​ជាតិ​ក្នុង​ការ​ដាំ​ដំ​ណាំ​ ។ ម្យ៉ាង​ទៀត​ ទន្លេ​មេ​កុង ជា​ផ្លូវ​គម​នា​គមន៍​ក្នុង​ប្រទេស​ផង ។

ពាក្យពិបាក
នទី ភូមិសាស្ត្រ អត្ថកោវិទ សិន្ធុ សីសប្រភព បរពត សម្ពន្ធវង្ស ភ្នំហិមពាន្ត ជលបថ ឩបសគ្គ​ ប្រតិស្ថាន ចតុមុខនគរ ។

សុភាសិត
“ទឹកត្រជាក់ត្រីកុំ”

La Ang Spean in Battambang, The Oldest Prehistoric Site in Cambodia

  Pre-history in Cambodia is really important to tell about the past of Cambodia (Kamboja / Kambuja / Kanbawza). Cambodia locates in the mai...