Sunday, June 10, 2012

Pre-1975 Khmer Article: ព្រះរាជនយោបាយបំបាត់អនក្ខរកម្ម "King Policy for Education"


ព្រះរាជនយោបាយបំបាត់អនក្ខរកម្ម
សរសេរតាមសូត្រ
        ក្នុង​សម័យ​ដែល​ប្រទេស​កម្ពុជា​យើង ត្រូវ​ធ្លាក់​ទៅក្រោម​នឹម​អាណា​និគម​អស់រយៈពេល​ជិតមួយសតវត្ស ប្រជាពលរដ្ឋ​ខ្មែរ​ក៏ត្រូវទទួល​នូវរោគ​យ៉ាងកំណាច​មួយ ពោលគឺការមិនចេះ​អក្សរ​ដែលហៅអនក្ខរកម្ម ។
        លុះ​ចូលមកដល់គ.ស. ១៩៥៣ ប្រជាជនខ្មែរគ្រប់ជាន់​ថ្នាក់
បានរួបរួម​សាមគ្គី​ជាធ្លុង​មួយ​ក្រោមព្រះរាជនយោបាយដឹកនាំ ដ៏ភ្លឺស្វាង​នៃ​សម្តេច​ព្រះបិតាឯករាជ្យជាតិកំចាត់ពួក​អាណា និគមចេញ​ផុត​ទៅ មាតុភូមិខ្មែរ ក៏បានឯករាជ្យពេញលេញដរាប​រៀងមក​ ។ ក៏ប៉ុន្តែក្នុងពេលនោះ រោគអនក្ខរកម្មក៏នៅតែសណ្ឋិត ក្នុងផ្ទៃនៃប្រជាជនខ្មែរនៅឡើយ ។
        ដោយទ្រង់មានព្រះបំណងចង់ឲ្យកូនចៅព្រះអង្គបាន សះស្បើយនូវរោគចង្រៃនេះព្រមទាំងឲ្យបានជាពលរដ្ឋចេះដឹង ទាន់សម័យក្នុងពេលថ្មីៗនេះ សម្តេចព្រះបិតាសិក្សាធិការជាតិ​ បានដឹកនាំកូនចៅ​ព្រះអង្គទាំងអស់​ដែលមិនទាន់ចេះ​អក្សរ​ មិនថាចាស់ក្មេង​ប្រុស​ស្រី​ឲ្យផ្តើម​រៀនសូត្រជាបន្ទាន់ ។ គណៈ កម្មាធិការជាតិ​នៃអនក្ខរកម្ម​ក៏បានកើតឡើង​ហើយចលនា​បំបាត់ អនក្ខរកម្ម​ក៏ផុសឡើងព្រោងព្រាតដូចផ្សិតត្រូវភ្លៀង​លើកដំបូងដែរ ។អនក្ខរជន​គ្រប់រូប​ក៏នាំគ្នា​សិក្សា អក្សរជាតិ​គ្មានសល់មួយនាក់ ។
        ឥឡូវនេះព្រះរាជនយោបាយបំបាត់អនក្ខរកម្ម​បានប្រកប​នូវជោគ ជ័យ​យ៉ាងសំបើម ។ យើងសង្ឃឹមថាក្នុងអនាគតដ៏ខ្លីនេះ ប្រជាពលរដ្ឋខ្មែរ​គ្រប់រូប​នឹង​បានចេះដឹង​គ្រប់គ្នា​សមជា​ពលរដ្ឋនៃ​ប្រទេសឯករាជ្យជាពុំខាន ។

សំនួរ
១. ចូរពន្យល់ពាក្យ៖ អនក្ខរកម្ម អនក្ខរជន សតវត្ស សាមគ្គី គណៈកម្មាធិការ ។
២. ចូររកសទិសស័ព្ទនឹងពាក្យ៖ រដ្ឋ ។
៣. ចូររកវេវចនស័ព្ទនឹងពាក្យ៖ ប្រជាពលរដ្ឋ ។
៤. ហេតុអ្វីបានជាប្រជាពលរដ្ឋខ្មែរថ្វាយព្រះនាម​សម្តេចឪថា ព្រះបិតា ឯករាជ្យជាតិ?

ចម្លើយ
១. ការពន្យល់ពាក្យ
អក្ខរកម្ម = ការចេះអក្សរ ការរៀនអក្សរ ។
អនក្ខរកម្ម = ការមិនចេះអក្សរ ។
អនក្ខរជន = ជនមិនចេះអក្សរ អ្នកមិនចេះអក្សរ ។
សតវត្ស = ពេលកំណត់១០០ឆ្នាំ ។
សាមគ្គី = ការរួមគ្នាជាធ្លុងមួយ ដោយមានបំណងនិងគំនិតស្របគ្នាតែមួយ ការមិនបែកបាក់គ្នា។
គណៈកម្មាធិការជាតិ = ក្រុមអ្នកត្រួតត្រាការងារ ក្រុមអ្នកសំរេចកិច្ចការណាមួយ ។

២. សទិសស័ព្ទ
រដ្ឋ រតនៈ រត្ត រាត់
រដ្ឋ = ដែន ប្រទេស រាស្រ្ត​ = ពលរដ្ឋ កម្ពុជរដ្ឋ សាធារណរដ្ឋ ។
រតនៈ = កែវ ត្បូង ពេជ្រ = រតនត្រ័យ ។
រត្ត = ដែលជ្រលក់ហើយ ។
រាត់ = ទាញផ្តាច់ដោយបង្ខំ = ទាញរាត់ផ្តាច់​ ។

៣. វេវចនស័ព្ទ
ប្រជាពលរដ្ឋ ប្រជាជន ប្រជាពលករ ប្រជាកររាស្រ្ត មហាជន ។

៤. បានជាប្រជាពលរដ្ឋខ្មែរថ្វាយព្រះនាមដល់សម្តេចឪថា ព្រះបិតា​ឯករាជ្យ​ជាតិ ព្រោះ​ព្រះអង្គ​បាន​ទ្រង់​ដឹកនាំ​ប្រទេសជាពលរដ្ឋខ្មែរ​ប្រយុទ្ធ​ទាមទារ​ឯករាជ្យអំពី​អាណា​និគម​និយម​ដោយទ្រង់​បាន​តស៊ូ​មិនស្តាយ​ព្រះជន្ម​ដរាបទាល់តែ​បាន​ឯករាជ្យ​ពេញលេញ ។
        ព្រះអង្គ​ទ្រង់​ទាមទារ​បាននូវ​ឯករាជ្យ ហេតុនេះ​ព្រះអង្គជាព្រះបិតា ឯករាជ្យជាតិ​របស់​ជាតិហ្នឹង​ឯង ។

ពាក្យពិបាក
សម័យ អាណានិគមនិយម រយៈពេល អនក្ខរកម្ម អក្ខរកម្ម សាមគ្គី សណ្ឋិត មាតុភូមិ ឯករាជ្យ ជោគជ័យ ។

អក្ខរាវិរុទ្ធ
សតវត្ស ឬ សតវត្សរ៍
សំបើម ឬ សម្បើម

សុភាសិត
“ដឹងខ្លួនថាល្ងង់ គង់នឹងចេះបាន”

La Ang Spean in Battambang, The Oldest Prehistoric Site in Cambodia

  Pre-history in Cambodia is really important to tell about the past of Cambodia (Kamboja / Kambuja / Kanbawza). Cambodia locates in the mai...