Wednesday, June 6, 2012

Pre-1975 Khmer Article: តំលៃនៃពេលវេលា "Value of Time"


មាន​ជនានុជន​ដោយ​ច្រើន​មិន​សូវ​នឹក​គិត​រលឹក​ដល់​ពេល​វេលា​ដ៏​មាន​តំលៃ​របស់​ខ្លួន​ ដែល​កន្លង​រំលង​ទៅ​រាល់​ថ្ងៃ​ដោយ​ឥត​បាន​អ្វី​ ប្រ​យោជ​ន៍​អ្វី​ ។ ប្រសិន​បើ​ឃើញ​មុខ​ជា​នឹក​ស្តាយ​ក្រោយ​ច្រើន ។ អ្នក​ខ្លះ​បណ្តោយ​ខ្លួន​ឲ្យ​ធ្លាក់​ទៅក្នុង​អបាយមុខ​គិត​តែ​ខាងស៊ី​ផឹក​ដើរ​លេង​សប្បាយ​ទៅ​តាម​រោង​មហោស្រព​ផ្សេងៗ​រាល់ថ្ងៃ ។ ប្រសិនបើ​គេ​ថា​កើត​មក​គិត​តែ​ខាង​សប្បាយ​មួយ​មុខ​ឥត​គិត​ដល់​កេរ្តិ៍ឈ្មោះ​កិត្តិយស​សេចក្តី​ចំរើន ឬ វិនាស​ក៏​លើក​ទុក​ទៅ​ចុះ​ព្រោះ​មនុស្ស​ចំពូក​នេះ បើ​មាន​ភាគច្រើន​ក្នុង​លោក​មុខ​ជា​ធ្វើ​លោក​ទាំងមូល​ឲ្យ​ទៅ​ជា​សត្វ​លោក​ មិនមែន​ជា​ម​នុស្ស​លោក​ដូច​សព្វ​ថ្ងៃ​នេះ​ទេ ។ ប៉ុន្តែ​មនុស្ស​យើង​គ្រប់​រូប​រមែង​មាន​ខួរ​ក្បាល​សម្រាប់​ហាត់​រៀន​ ប្រើ​ការ​ជា​ប្រយោជន៍​បាន​គ្រប់​ខណៈ​ហើយ​អត្ថប្រយោជន៍​នេះ កាល​បើកាន់​តែ​លូត​លាស់​ចំរើន​ឡើងៗ​នឹង​ជួយ​បំពេញ​សេចក្តី​ខ្វះ​ខាត​របស់​ប្រទេស​ជាតិ​បាន​ជា​អនេក​ប្រការ។ អ្នក​ដែល​បាន​កសាង​សេចក្តី​ចំរើន​ដល់​ប្រទេស​ជាតិ កិត្តិយស​និង​កេរ្តិ៍ឈ្មោះ​ក៏​មាន​ចារិក​ជាប់​នៅ​ក្នុង​ប្រវត្តិ​សាស្រ្ត​របស់​ជាតិ​អស់​កាល​ដ៏​យូរ​អង្វែង ។ ហេតុ​ដូច​នេះ​ទើប​យើង​ត្រូវ​តែ​ចេះ​ប្រើ​ពេល​ទំនេរ​របស់​យើង ឲ្យ​បាន​សម្រេច​ជា​អត្ថប្រយោជន៍​ដល់​ខ្លួន​យើង ដរាប​ដល់​វង្ស​ត្រកូល​ប្រទេស​ជាតិ​យើង​ ។

សំនួរ

១. ចូរពន្យល់ពាក្យ៖ ជនានុជន អបាយមុខ មហោស្រព អត្ថប្រយោជន៍ ចារិក។
២. ចូររកសទិសស័ព្ទនឹងពាក្យ ជន។
៣. ចូររកវេវចនស័ព្ទនឹងពាក្យ សប្បាយ។
៤. តើត្រូវធ្វើឲ្យពេលទំនេរកន្លងហួសទៅឬទេ? ព្រោះអ្វី?

ចម្លើយ

១.ការពន្យល់ពាក្យ
ជនានុជន = (ជន + អនុជន) បណ្តាជនតូច គឺរាស្ត្រទូទៅ។
អបាយមុខ​ = អំពើឬហេតុជាសេចក្តីវិនាស។
មហោស្រព = ល្បែងកំសាន្តចិត្តដោយច្រៀងរាំជាដើម។
អត្ថប្រយោជន៍ = ប្រយោជន៍ល្អប្រសើរ។
ចារិក = កត់ ឬ ត្រាទុកជាចំណាំ។

២. សទិសស័ព្ទ
ជន ជន់ ជន្ម

ជន = ប្រជាជន បណ្តាជន មហាជន ទុជ៌ន ប្រិយជន។
ជន់ = ទឹកជន់ព្រៀបចច្រាំង ។
ជន្ម = ព្រះជន្ម ជីពជន្ម .....។

៣. វេវចនស័ព្ទ
សប្បាយ ៖ រីករាយ ត្រេកត្រអាល សោមនស្ស ។

៤. យើងមិនត្រូវធ្វើឲ្យពេលទំនេរ កន្លងហួសទៅឥតប្រយោជន៍ទេ ​ព្រោះគ្រប់នាទីកិច្ចការដែលយើងធ្វើដោយម៉ត់ចត់ អាចផ្តល់នូវប្រយោជន៍យ៉ាងសំខាន់ពុំខាន ។

ពាក្យពិបាក
អបាយមុខ មហោស្រព កិត្តិយស ខួរ អត្ថប្រយោជន៍ អនេកប្រការ កេរ្តិ៍ឈ្មោះ ប្រវត្តិសាស្រ្ត ទំនេរ វង្សត្រកូល ៕

“សូវបង់ប្រាក់មួយថង់ កុំឲ្យបង់ពាក្យ”



La Ang Spean in Battambang, The Oldest Prehistoric Site in Cambodia

  Pre-history in Cambodia is really important to tell about the past of Cambodia (Kamboja / Kambuja / Kanbawza). Cambodia locates in the mai...